loading...
loading...
3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ

វិធីសាស្ត្រ​ដាំ​ចេក​អំបូង​ពណ៌លឿង និងគុណប្រយោជន៍

ចេក អំបូង ពណ៌លឿង មាន ប្រភព ចេញ ពី ប្រទេស ឥណ្ឌា ត្រូវ បាន គេ បង្កាត់ ពូជ ទៅ កាន់ ប្រទេស មួយ ចំនួន ក្នុង តំបន់ អាស៊ីអាគ្នេយ៍។ នៅ ប្រទេស កម្ពុជា ក្រៅ ពី ក្រុមហ៊ុន វៀតណាម ដាំ លើ ផ្ទៃដី រាប់ រយ ហិកតារ នៅ ខេត្ត រតនគីរី ដើម្បី នាំ ចេញ ទៅ ទីផ្សារ អន្តរជាតិ ក៏ មាន កសិករ នៅ ខេត្ត កណ្ដាល កំពង់ស្ពឺ កោះកុង កំពត ប៉ៃលិន និង ខេត្ត បាត់ដំបង ចាប់ ផ្ដើម ដាំដុះ និង ប្រមូល ផល ផ្គត់ផ្គង់ ទីផ្សារ ក្នុង ស្រុក។

តើ ដី នៅ កម្ពុជា អំណោយផល ចំពោះ ចេក អំបូង លឿង ដែរ ឬ ទេ? ហើយ កសិករ ត្រូវ ថែទាំ បែប ណា?

អ្នក ជំនាញ ឯកទេស កសិកម្ម ធម្មជាតិ កម្ពុជា ដែល បញ្ចប់ ការ សិក្សា ពី ប្រទេស កូរ៉េ និង ជប៉ុន លើ វិស័យ កសិកម្ម បង្ហើប ថា ចេក អំបូង លឿង សម្បូរ ទៅ ដោយ សារធាតុ ចិញ្ចឹម សរីរាង្គ របស់ មនុស្ស មាន រស ជាតិ ឆ្ងាញ់ និង លក់ បាន ថ្លៃ នៅ លើ ទីផ្សារ។ ប៉ុន្តែ បច្ចុប្បន្ន មាន អ្នក ដាំ ចេក ប្រភេទ នេះ តិចតួច នៅ ឡើយ ដែល មិន អាច ឆ្លើយ តប តម្រូវការ ទីផ្សារ បាន ខណៈ ពូជ ចេក ជា ច្រើន ត្រូវ បាន កសិករ ខ្មែរ ទិញ ពី ប្រទេស ថៃ មក ដាំដុះ ជា ហូរហែ តាំង ពី ឆ្នាំ ២០១៥។

នាយក ប្រតិបត្តិ នៃ មជ្ឈមណ្ឌល កសិកម្ម ធម្មជាតិ (SBN) លោក សយ បូណា មាន ប្រសាសន៍ ថា ផ្ទៃដី ដាំ ចេក អំបូង លឿង ជាង ៨០ ហិកតារ នៅ ខេត្ត មួយ ចំនួន ដែល ជា របស់ បណ្ដាញ កសិករ លោក កំពុង រីក លូតលាស់ ល្អ និង ប្រមូល ផល បាន បណ្ដើរៗ ហើយ។ លោក ថា ចេក អំបូង លឿង ត្រូវ បាន អ្នក ជំនាញ កសិកម្ម ចាត់ ទុក ជា ប្រភេទ ដំណាំ ថ្មី មួយ ប្រភេទ និង មាន អំណោយផល ខ្លាំង នៅ កម្ពុជា៖ «ចេក អំបូង លឿង គឺ បច្ចុប្បន្ន នេះ ពេញ និយម ដោយ អាស្រ័យ អត្ថប្រយោជន៍ តម្លៃ ទីផ្សារ និង រសជាតិ។ ខ្ញុំ តែងតែ បំផុស ដល់ ប្រជា កសិករ និង បណ្ដា ក្រុមហ៊ុន ឲ្យ គាត់ ធ្វើ ការ ដាំដុះ ចេក អំបូង លឿង ឡើង ព្រោះ ទីផ្សារ ចេក អំបូង លឿង មិនមែន សម្រាប់ តែ ព្រះរាជាណាចក្រ យើង ទេ គឺ អាច នាំ ចេញ ទៅ បាន ទូលំ ទូលាយ»។

ចេក អំបូង លឿង មិន សូវ ពិបាក ជ្រើសរើស ប្រភេទ ដី ដាំដុះ ឡើយ ប៉ុន្តែ ប្រភេទ ដី ដែល ល្អ បំផុត សម្រាប់ ចេក នេះ គឺ ដី ក្រហម និង ដីល្បាប់ នៅ តាម វាលទំនាប ដែល អាច ស្រូប ជីជាតិ ទៅ ចិញ្ចឹម ដើម និង ផ្លែ វា។

លោក សយ បូណា ចែក រំលែក បទពិសោធន៍ ថា រណ្ដៅ ដាំ ចេក ត្រូវ ជីក ទំហំ កន្លះ ម៉ែត្រ បួន ជ្រុង និង ជម្រៅ កន្លះ ម៉ែត្រ ហើយ គម្លាត ពី រណ្ដៅ មួយ ទៅ រណ្ដៅ មួយ ចន្លោះ ពី បី ទៅ បួន ម៉ែត្រ ពី គ្នា។ ក្នុង ករណី ដាំ លើ ដី ខ្សាច់ ឬ ដីកណ្ដេង មិន សូវ មាន ជីជាតិ ត្រូវ ប្រើ ជី សរីរាង្គ ជំនួយ តាម បាត រណ្ដៅ ក្នុង មួយ រណ្ដៅ ទម្ងន់ បី ខាំ ហើយ បន្ត ដាក់ រៀងរាល់ ៦ ខែ ម្ដង ក្នុង កម្រិត បី ខាំ ដូច គ្នា ឲ្យ បាន រយៈ ពេល ពីរ ឆ្នាំ៖ «ចាប់ ពី ឆ្នាំ ទី ២ ទៅ បាន យើង ប្រើ វា កន្លះ គីឡូក្រាម អ៊ីចឹង កូន ហ្នឹង វា បែក កូន ទៅ រហូត អ៊ីចឹង យើង នៅ តែ ដាក់ ៦ ខែ ម្ដង គ្រាន់ តែ ថា ដី ខ្សាច់ យើង ដាច់ ខាត កុំ ប្រើ ជីគីមី ឲ្យ សោះ ព្រោះ ជីគីមី ធ្វើ ឲ្យ ដី រឹង ក្ដាំង តែ ពីរ ឬ បី ឆ្នាំ ចង់ ក្លាយ ជា ថ្ម ហើយ។ ចំពោះ ទំហំ រណ្ដៅ បួន ជ្រុង ហើយ ជម្រៅ បី តឹក ក៏ បាន ដែរ ប៉ុន្តែ បើ យើង មាន វត្ថុ ធាតុ ដើម ដូចជា ដើម សណ្ដែក កាក ដំឡូង សម្រាប់ កប់ ដាក់ ក្នុង រណ្ដៅ ហ្នឹង យើង ជីក វា កន្លះៗ ម៉ែត្រ ទៅ ប៉ុន្តែ បើ អត់ មាន ទេ យើង ជីក រណ្ដៅ ធំ នាំ តែ ខាត ពេល ខាត លុយ ទេ។ អ៊ីចឹង យើង គ្រាន់ តែ ដាក់ ជី សរីរាង្គ បី ខាំ ទ្រាប់ បាត ទៅ ហើយ ដាក់ ដាំ លប់ ដី ទៅ វា ល្អ ហើយ»។

ការ ជ្រើសរើស យក គល់ ចេក ទៅ ដាំ គឺ ជា ជម្រើស ល្អ ជាង ដាំ កូន ចេក ទៅ ទៀត ព្រោះ គល់ វា អាច បង្កើត កូន ថ្មី ចន្លោះ ពី ៣ ទៅ ៦ ដើម ក្នុង មួយ គល់។ រីឯ ការ យក កូន ចេក ទៅ ដាំ លទ្ធភាព បង្កើត កូន ថ្មី យឺតយ៉ាវ។

ការ ថែទាំ បន្ទាប់ ពី ដាំ ហើយ កសិករ ត្រូវ ស្រោច ទឹក ឲ្យ បាន បី ដង ក្នុង ១ សប្ដាហ៍ ប៉ុន្តែ បើ រដូវ វស្សា មាន ភ្លៀង ធ្លាក់ ជោកជាំ មិន ចាំបាច់ ស្រោច ឡើយ ប៉ុន្តែ ត្រូវ បាញ់ ជី ទឹក បំប៉ន ដើម និង ស្លឹក នៅ រៀងរាល់ ៦ ខែ ម្ដង ឬ ច្រើន ជាង នេះ ដើម្បី បង្កើន ភាព លូតលាស់ និង ការពារ ជំងឺ ក្រា ឬ ដង្កូវ មូរ ស្លឹក។

លោក ថា ឱកាស កើត ជំងឺ លើ ដើម ចេក និង ស្លឹក មាន ច្រើន បើ កសិករ ទុក ឲ្យ ដើម ដុះ ប្រជ្រៀត គ្នា និង ស្លឹក ទ្រុបទ្រុល ពេក៖ «ចេក ហ្នឹង គឺ យើង ត្រូវ ធ្វើ អនាម័យ ក្នុង ការ សម្អាត ជា ប្រចាំ ដែរ អ៊ីចឹង បើ យើង អត់ កាត់ កូន យើង អត់ បាន កូន យក ទៅ បំបែក ដាំ ឬ យក ទៅ លក់ វា វិល ជុំ រហូត តើ បង។ យើង ទុក បី ដើម ហើយ កាប់ តែ អា ដើម មេ ហ្នឹង ទៅ ជួន កាល អា កូន ក្រោយ ចេញ ត្រយូង ដំណាល គ្នា យើង បាន ផល បន្ត គ្នា រហូត ទេ អ៊ីចឹង យើង ទុក បីៗ បន្ត គ្នា រហូត ដល់ បាន ប្រាំ ទៅ ៧ ឆ្នាំ ទៅ យើង គាស់ វា ចោល ទៅ ដាំ សារ ថ្មី ហើយ អា ហ្នឹង»។

បច្ចុប្បន្ន កសិករ កម្ពុជា មាន ឱកាស ច្រើន ទាំង ការ ដាំ យក កូន លក់ បន្ត និង ដាំ យក ផ្លែ លក់ នៅ លើ ទីផ្សារ។ កសិករ ខ្លះ មិន អាច ទិញ ពូជ កូន ចេក ពី ប្រទេស ឥណ្ឌា ដែល មាន តម្លៃ ៨ ដុល្លារ ក្នុង ១ ដើម ទើប ពួកគេ ងាក មក ទិញ កូន ដែល មាន ស្រាប់ នៅ ក្នុង ស្រុក ឬ នាំ ចូល ពី ប្រទេស ថៃ ដែល មាន តម្លៃ ៣ ដុល្លារ ក្នុង មួយ ដើម ហើយ កសិករ ខ្មែរ នៅ បន្ត នាំ ចូល ពូជ ពី ក្រៅ រាប់ រយ ដើម ក្នុង មួយ ខែៗ ដើម្បី ដាំដុះ នៅ ឡើយ។

លោក សយ បូណា ណែនាំ ឲ្យ កសិករ បង្កើន ការ ថែទាំ ពេល ចេក ធ្លាក់ ត្រយូង ពោល គឺ រយៈ ពេល មួយ ខែ កន្លះ ក្រោយ កាត់ ត្រយូង ចេញ ត្រូវ ប្រើ ថង់ ប្លាស្ទិក គ្រប ផ្លែ ដើម្បី ការពារ សត្វ ល្អិត ចង្រៃ ទិច៖ «ចំពោះ ការ ថែទាំ ផ្លែ គឺ ពេល វា ចេញ មក អស់ ហ្នឹង យើង កាច់ ត្រយូង ហើយ គឺ យើង ត្រូវ ប្រើ ថង់ គ្រប ផ្លែ វា កុំ ឲ្យ មាន ស្លាកស្នាម រលោង មាន ជាតិ ម្សៅ ឬ ការពារ សត្វ ទិច គឺ យើង ប្រើ ស្បោង ហ្នឹង»។

ចេក អំបូង លឿង ដែល ទទួល ផល ក្រោយ ដាំដុះ រយៈ ពេល ពី ៦ ទៅ ៧ ខែ ងាយ នឹង បន្ទុំ ឲ្យ វា ទុំ ដោយ មិន ចាំបាច់ ដាក់ ថ្ម ស្អុយ ឡើយ។ កសិករ គ្រាន់ តែ កាត់ វា ជា ស្និតៗ ដាក់ ក្នុង ឡាំង រួច គ្រប ក្រដាស កាសែត រយៈ ពេល មួយ យប់ មួយ ថ្ងៃ ផ្លែ វា នឹង ចាប់ផ្ដើម ប្រែ ជា ពណ៌ លឿង។ ពេល ទុំ ហើយ អាច រក្សា ទុក បាន បី ថ្ងៃ ប៉ុន្តែ បើ គេ ដាក់ ក្នុង ទូ ទឹកកក ក្នុង សីតុណ្ហភាព ត្រជាក់ ល្មម អាច រក្សា ទុក បាន រហូត ដល់ ១ សប្ដាហ៍។

ចេក អំបូង លឿង មាន ផ្លែ ធំៗ ចន្លោះ ពី ១២ ទៅ ១៥ ផ្លែ ក្នុង ១ ស្និត និង មាន ទម្ងន់ ចន្លោះ ពី មួយ គីឡូ កន្លះ ទៅ ពីរ គីឡូក្រាម។ តម្លៃ លក់ នៅ តាម ផ្សារ ទំនើប និង សណ្ឋាគារ ធំៗ គឺ ១ ដុល្លារ ឬ ១ ដុល្លារ កន្លះ ក្នុង ១ ស្និត ពី ៤ ពាន់ ទៅ ៦ ពាន់ រៀល។ ប៉ុន្តែ បើ កសិករ មាន លទ្ធភាព វេច ខ្ចប់ នាំ ចេញ ទៅ ក្រៅ ប្រទេស គឺ មាន តម្លៃ ថ្លៃ គុណ នឹង ៥ ទៅ ៦ ដង នៃ តម្លៃ លក់ នៅ លើ ទីផ្សារ ក្នុង ប្រទេស កម្ពុជា ទើប កសិករ ខ្លះ ចង់ បង្កើន ការ ដាំដុះ ដើម្បី នាំ ចេញ៖ «ព័ត៌មាន ដែល គេ ទាក់ទង មក ខ្ញុំ ផ្ទាល់ ក៏ គេ ចង់ បាន នាំ ចេញ ដែរ តែ ក្នុង បរិមាណ ច្រើន អ៊ីចឹង យើង អត់ អាច ផ្គត់ផ្គង់ ទេ។ ប៉ុន្តែ អ្វី ដែល គេ ចង់ បាន ហ្នឹង គឺ ផលិតករ ក៏ ខ្មែរ ក្រុមហ៊ុន ក៏ ខ្មែរ ឲ្យ តែ របស់ ខ្មែរ ដាំ នៅ លើ ដី ខ្មែរ យើង ហ្នឹង គឺ គេ ទទួល ទិញ ទៅ។ បើ តាម ខ្ញុំ គិត ទៅ ទី មួយ ដី យើង មាន លក្ខខណ្ឌ ល្អ ហើយ ប្រជា កសិករ ខ្មែរ យើង ធ្វើ ការ ដាំដុះ ល្អ ដោយ មិន សូវ ប្រើប្រាស់ សារធាតុ គីមី»។

ចេក អំបូង លឿង ចំនួន ១០០ តោន ដែល ក្រុមហ៊ុន វៀតណាម ដាំ នៅ លើ ផ្ទៃដី ប្រមាណ ៥០០ ហិកតារ បាន វេច ខ្ចប់ នាំ ចេញ ទៅ ប្រទេស ចិន ជា លើក ដំបូង កាល ពី ចុង ខែ កក្កដា ឆ្នាំ ២០១៧។ មន្ត្រី ជាន់ ខ្ពស់ នៃ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ អះអាង ថា រដ្ឋាភិបាល កម្ពុជា មិន ទាន់ អាច នាំ ចេក ប្រភេទ នេះ ចេញ ទៅ ប្រទេស ចិន ដោយ ផ្ទាល់ នៅ ឡើយ ទេ ព្រោះ កម្ពុជា មិន ទាន់ ចុះ កិច្ច ព្រមព្រៀង ជាមួយ ចិន៕

ប្រភព៖http://www.rfa.org/khmer/program/agriculture/how-to-grow-yellow-banana-08152017050453.html
This is the most recent post.
Older Post

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.