loading...
loading...
3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ

វិធី​ដាំ​ស្ពៃ​ខៀវ​ឬ​ស្ពៃ​ខ្មៅ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម

ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ជា​ប្រភេទ​បន្លែ​បៃតង​មួយ​ប្រភេទ​ដែល​ច្រើន​ដុះ​តាម​បែប​ធម្មជាតិ​នៅ​តំបន់​ដី​សើម ឬ​ដី​ជាប់​មាត់បឹង ត្រពាំង​ជាដើម។ ឯកសារ​ស្រាវជ្រាវ​ផ្នែក​កសិកម្ម​បាន​បង្ហាញ​ថា ពូជ​ស្ពៃ​ខៀវ​មាន​ប្រភព​មក​ពី​ទ្វីប​អាស៊ី ទ្វីប​អាមេរិក និង​ទ្វីប​អាហ្វ្រិក។ ស្ពៃ​ខៀវ​ជា​ដំណាំ​ដែល​ពេញ​និយម​ដាំ​ជាងគេ គឺ​នៅ​ភូមិ​ភាគ​អាស៊ីអាគ្នេយ៍ ក្នុង​នោះ​មាន​ប្រទេស​ចិន បាន​ដាំ​ស្ពៃ​ច្រើន ហើយ​ក៏​បាន​រីក​រាលដាល​ការ​ដាំដុះ​ស្ពៃ​ខៀវ​ទូទាំង​ទ្វីប​អាស៊ី។

ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ គឺ​ជា​ប្រភេទ​បន្លែ​ស្លឹក​មួយ​ប្រភេទ​ក្នុង​ចំណោម​បន្លែ​ស្ពៃ​ជា​ច្រើន​ប្រភេទ ដែល​ប្រជាពលរដ្ឋ​កម្ពុជា បរិភោគ​ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ប្រចាំ​ថ្ងៃ។ ហេតុ​នេះ​ហើយ ស្ពៃ​ខៀវ​ត្រូវ​បាន​គេ​ជួញដូរ និង​ដាំ​ដុះ​ច្រើន​នៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​កម្ពុជា។

ទន្ទឹម​គ្នា​នេះ អ្នក​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ​តាម​វិធី​សរីរាង្គ​ក្នុង​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម រស់​នៅ​ភូមិ​ទួល​សង្កែ សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ លើក​ឡើង​ថា ទោះ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ជា​បន្លែ​សាមញ្ញ​ងាយ​ស្រួល​ដាំ​ដុះ ប៉ុន្តែ​ស្ពៃ​ខៀវ​ដែល​គេ​ចរាចរណ៍​នៅ​លើ​ទីផ្សារ ភាគ​ច្រើន​រីក​លូតលាស់​ដោយ​ប្រើ​ថ្នាំ​គីមី​ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​សុខភាព​អ្នក​បរិភោគ។ ដោយ​ការ​យល់​ឃើញ​នេះ ទើប​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម មួយ​គ្រួសារ​នេះ រក្សា​ទម្លាប់​ដាំ​ស្ពៃ​ខៀវ តាម​វិធី​ធម្មជាតិ៖ «ខ្ញុំ​ចាប់​អារម្មណ៍ ដំបូង​ខ្ញុំ​គិត​ថា តំបន់​ខ្ញុំ​វា​ជិត​ទឹក​ស្រាប់ អ៊ីចឹង​ដាំ​ស្ពៃ​បែប​ធម្មជាតិ​ទៅ យើង​ដាំ​ព្រោះ​វា​មិន​បាច់​ធ្វើ​រង​មិន​បាច​អី ដាក់​តែ​ជី​អាចម៍​​មាន់ អាចម៍​គោ ស្លឹក​ទន្ទ្រានខេត្ត មិន​ប្រើ​ឆ្នាំ​គីមី​អី​ទាំង​អស់​ដល់​ពេល​ខ្ញុំ​ដាំ​ទៅ​ឃើញ​ថា ល្អ​មែន»។

តើ​វិធី​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ ងាយ​ស្រួល​យ៉ាង​ណា?

អ្នក​ដាំ​ស្ពៃ​របស់​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​ម្នាក់ គឺ​លោកស្រី ថោង ថាវរី រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ស្ពៃ​ខៀវ​លោកស្រី​ដាំ​មិន​លើក​រង​នោះ​ទេ គឺ​ដាំ​នៅ​លើ​ដី​ដោយ​ផ្ទាល់។ ហេតុ​នេះ​លោកស្រី​ថា មុន​ដាំ​ត្រូវ​ត្រៀម​ដី​ដោយ​កាប់​បំបែក​ឲ្យ​ល្អិត​លាយ​ជី​លាមក​សត្វ ផេះ ឬ​ជីកំប៉ុស ហើយ​ហាល​សំដិល​ដី​នោះ​យ៉ាង​យូរ ៣ ទៅ ៤​ថ្ងៃ ធ្វើ​បែប​នេះ​ដើម្បី​សម្លាប់​សត្វ​សង្រៃ​ក្នុង​ដី។ បន្ទាប់​មក លោកស្រី​ថា ត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ រួច​ព្រោះ​គ្រាប់​ស្ពៃ​យក​តែម្ដង៖ «ដំបូង​ខ្ញុំ​បោច​ស្មៅ កាប់​ដី​ហាល​វា ដំ​វា​ឲ្យ​តូច ហាល​ដី ៣ ទៅ ៤ ថ្ងៃ​ចាំ​យក​គ្រាប់​ស្ពៃ​មក​ព្រោះ ហើយ​ស្រោច​ទឹក​វា​ទៅ​តែ ៣​ថ្ងៃ​វា​ដុះ​កូន​ហើយ»។

ការ​ថែទាំ​ក្រោយ​ដាំ​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ

ស្ត្រី​ដាំ​ស្ពៃ​វ័យ​ជាង ៦០​ឆ្នាំ រូប​នេះ​ឲ្យ​ដឹង​ថា ស្ពៃ​ព្រោះ​គ្រាប់​បាន ៣​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​ហើយ ដូច្នេះ​ក្រោយ​ដាំ ត្រូវ​តាមដាន​ស្ពៃ​នីមួយៗ បើ​វា​ងាប់ ឬ​ស្វិត​ត្រូវ​ដក​ចេញ។ លើស​ពី​នេះ លោកស្រី​ថា ក្រៅ​ពី​ស្រោច​ទឹក​មួយ​ថ្ងៃ ៣​ដង គឺ​ព្រឹក ថ្ងៃ ល្ងាច​ហើយ បើ​ចង់​ឲ្យ​ដើម​ស្ពៃ​កាន់តែ​ធំ​លូតលាស់​ល្អ ក្រោយ​ស្ពៃ​មាន​អាយុ​បាន ១៥​ថ្ងៃ ត្រូវ​ប្រើ​ជីកំប៉ុស​ទឹក​ស្រោច​កាន់តែ​ប្រសើរ៖ «ស្ពៃ​ខ្ញុំ ដាក់​តែ​អាចម៍​អាណា អាចម៍​មាន់ និង​ស្រោច​ទឹក​ទន្ទ្រានខេត្ត យក​ស្លឹក​ទន្ទ្រានខេត្ត​មក​ចិញ្ច្រាំ​វា​ឲ្យ​ល្អិត ឲ្យ​មើល​ស្ពៃ​យើង​ថា វា​មាន​ប៉ុន្មាន​រង ហើយ​យើង​លាយ​ទឹក​ប៉ុណ្ណឹង បន្ទាប់​មក​ទុក​វា​ឲ្យ​បាន​មួយ​អាទិត្យ រួច​យក​មក​ស្រោច​លើ​ស្ពៃ ហើយ​យើង​ឧស្សាហ៍​ស្រោច​ទឹក​វា​ទៅ ស្ពៃ​យើង​វា​ល្អ​ណាស់»។

​ប៉ុន្តែ​ស្ត្រី​វ័យ​ចំណាស់​ដែល​មាន​ស្បែក​ជ្រីវជ្រួញ​ម្នាក់​នេះ ក៏​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​ដាំ​រហូត​ដល់​ពេល​ប្រមូល​ផល​ស្ពៃ​ខៀវ​មាន​អាយុ ៤០​ថ្ងៃ។ ហេតុ​នេះ​ស្ពៃ​ខៀវ​ក៏​មាន​បញ្ហា​ប្រឈម​ខ្លះ ដូចជា​សត្វ​ដង្កូវ ស្រមោច ខ្យង និង​មេអំបៅ​ជាដើម។ សត្វ​ទាំង​នេះ ច្រើន​មក​ស៊ី​ស្លឹក និង​ដើម​ផង​ដែរ ប៉ុន្តែ​អ្នកស្រី​មាន​វិធី​បញ្ចៀស​បញ្ហា​នេះ​ដ៏​មាន​ប្រសិទ្ធភាព៖ «ធម្មជាតិ​វា​អាច​កើត​ដង្កូវ​ដោយ​ឯងៗ អ៊ីចឹង​បើ​ព្រលឹម​ឡើង​យើង​ឃើញ​អាចម៍​ដង្កូវ​ជាប់​ស្លឹក​ស្ពៃ​ហ្នឹង យើង​មាន​វិធី​ទៀត ម៉ោង ៧​យប់​បាត់​សូរ​សំឡេង យើង​យក​ពិល​មក​បញ្ចាំង​មើល​ទៅ​នឹង​ឃើញ​ដង្កូវ តែ​បើ​អត់​ឃើញ​ម៉ោង​ហ្នឹង មក​មើល​ម្ដង​ទៀត​នៅ​ម៉ោង ៤​ទៀប​ភ្លឺ នឹង​ឃើញ​ដង្កូវ អណ្ដើកមាស មេអំបៅ និង​កណ្ដូប»។

​ឯកសារ​ស្រាវជ្រាវ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដីពី​អត្ថប្រយោជន៍​ស្ពៃ​ខៀវ ឬ​ស្ពៃ​ខ្មៅ បង្ហាញ​ថា ស្ពៃ​ខៀវ​ជា​បន្លែ​ដែល​សម្បូរ​ទៅ​ដោយ​ជីវជាតិ​ច្រើន​មុខ ក្នុង​នោះ​រួមមាន ជាតិ​ប្រូតេអ៊ីន វីតាមីន​អា (A) វីតាមីន​បេ (B) និង​វីតាមីន​សេ (C)។ លើស​ពី​នេះ ស្ពៃ​ខៀវ​ក៏​សម្បូរ​ជាតិ​រ៉ែ មាន​ជាតិ​កាល់ស្យូម ជាតិ​ដែក ផូស្វ័រ និង​ជាតិ​ប៉ូតាស្យូម។

​ដោយសារ​ស្ពៃ​ខៀវ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ដំណាំ​អាទិភាព​របស់​លោកស្រី ថោង ថាវរី ដែល​ជា​គ្រួសារ​កម្ពុជា​ក្រោម​មួយ​នេះ ដើម្បី​លើក​ស្ទួយ​កម្រិតជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​ស្ពៃ​ខៀវ​ដែល​លោកស្រី​ដាំ​តាម​បែប​ធម្មជាតិ​នេះ លក់​ទៅ​ឲ្យ​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ បាន​តម្លៃ​ក្នុង ១​គីឡូក្រាម ៣.៥០០​រៀល៖ «តម្លៃ​នេះ​ថ្លៃ​ជាង​នៅ​លើ​ទីផ្សារ ដែល​លក់​បាន​ត្រឹមតែ ២.៥០០​រៀល​ប៉ុណ្ណោះ តែ​អ្នក​ទិញ​មិន​ដែល​ចេះ​សូញសាញ​នោះ​ទេ»។

ការ​ខិតខំ​ដាំ​ស្ពៃ​ខៀវ​តាម​វិធី​ធម្មជាតិ​នេះ មិន​ត្រឹមតែ​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួសារ និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្នាំពេទ្យ​ប៉ុណ្ណោះ​ទេ។ លោកស្រី​អះអាង​ថា អ្នក​ទិញ​ជា​ច្រើនតែ​សរសើរ​មិន​ដាច់​ពី​មាត់ និង​ជួយ​គាំទ្រ​ទិញ​បន្លែ​ដែល​លោកស្រី​ដាំ៖ «គេ​សរសើរ​ថា ពេល​ទិញ​បន្លែ​ខ្ញុំ​យក​ទៅ​ហូប គេ​ថា​បន្លែ​ស្រស់​ល្អ អត់​រាករូស ដូច​បន្លែ​ទិញ​នៅ​ផ្សារ​នោះ​ទេ»។

​ប៉ុន្តែ​មកដល់​ត្រង់​ចំណុច​នេះ ស្ត្រី​វ័យ​ចំណាស់​រូប​នេះ​និយាយ​ខ្លាំងៗ​ថា បើ​ទោះ​បី​ជា​ខ្លួន​វ័យ​ចំណាស់​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ខណៈ​របស់​របរ​ប្រើប្រាស់​នៅ​ទីក្រុង​ភ្នំពេញ មាន​តម្លៃ​ខ្ពស់ ហើយ​មិន​មាន​ដីធ្លី​ធំ​ទូលាយ​ដើម្បី​ពង្រីក​ការ​ដាំដុះ​ក៏ដោយ ក៏​គ្រួសារ​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ មិន​ដែល​គិត​បោះបង់​អាជីព​នេះ​នោះ​ឡើយ។ ហេតុ​នេះ គ្រួសារ​នេះ​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​រស់​នៅ​ទីក្រុង​ភ្នំពេញ ត្រូវ​តែ​ចាប់​ផ្ដើម​ពី​ដី​តូចតាច​ជា​មុន​សិន និង​គិត​លើ​សុខភាព​ជា​រឿង​សំខាន់។ លោកស្រី​ក៏​ចង់​ឃើញ​រដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ការ​ដាំ​បែប​វិធី​ធម្មជាតិ និង​ស្វែង​រក​ទីផ្សារ​នៅ​ពេល​ដែល​ពលរដ្ឋ​ដាំ​បាន​ជោគជ័យ៕
=ប្រភព៖ វិទ្យុអាស៊ីសេរី=

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.