បច្ចេកទេស​ដាំ​ប៉េងប៉ោះ​ឈើរី​បែប​សរីរាង្គ​របស់​កសិករ​ក្នុង​ស្រុក​សំរោងទង​ខេត្ត​កំពង់ស្ពឺ

loading...
ប៉េងប៉ោះ​មាន​ផ្លែ​តូចៗ​មួយ​ប្រភេទ​ដែល​គេ​និយម​ហៅ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា ប៉េងប៉ោះ​ឈើរី (Cherry tomatoes) ជា​ដំណាំ​មួយ​ប្រភេទ​ដែល​កំពុង​តែ​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​កសិករ ក៏​ព្រោះ​តែ​ដំណាំ​នេះ កំពុង​មាន​តម្រូវ​ការ​ទីផ្សារ និង​ឆាប់​ទទួល​បាន​ប្រាក់​ចំណូល​ត្រឡប់​មក​វិញ។ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ដំណាំ​ប៉េងប៉ោះ​ឈើរី ទើប​កសិករ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ ដាំ​ដំណាំ​នេះ​ដើម្បី​លើក​កម្ពស់​ជីវភាព។

កសិករ​ប្រកប​របរ​ដាំ​ដំណាំ​ប៉េងប៉ោះ​ឈើរី​បែប​សរីរាង្គ​ម្នាក់ គឺ​លោកស្រី ឯម រីម រស់នៅ​ភូមិ​កាហែង ឃុំ​កាហែង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ លើក​ឡើង​ថា ផ្លែ​ប៉េងប៉ោះ​ឈើរី គឺ​មាន​ទំហំ​ផ្លែ​តូច​ជាង​ប៉េងប៉ោះ​ទូទៅ ប៉ុន្តែ​ធំ​ជាង​ផ្លែ​ទំពាំង​បាយ​ជូរ​បន្តិច។

កសិករ​លើក​ឡើង​ទៀត​ថា ប៉េងប៉ោះ​ឈើរី គេ​អាច​យក​ទៅ​កែច្នៃ​ជា​ម្ហូប​បាន​ច្រើន​ប្រភេទ ដោយ​ការ​ចម្អិន​ក៏​បាន និង​ហូប​ឆៅ​ក៏​បាន ដើម្បី​នាំ​មក​នូវ​ជីវជាតិ​ដែល​អាច​ឲ្យ​មនុស្ស​មាន​សុខភាព​មាំ​មួន។ មិន​តែ​ប៉ុណ្ណោះ ប៉េងប៉ោះ​ឈើរី គេ​ក៏​និយម​យក​តាំង​លម្អ​លើ​មុខ​ម្ហូប ដើម្បី​ជួយ​បង្កើន​សម្រស់​សោភ័ណភាព​អាហារ​ឲ្យ​ជា​ទី​គយគន់​ផង​ដែរ។

ដោយ​សម្លឹង​ឃើញ​ពី​អត្ថប្រយោជន៍ និង​នៅ​ប្រទេស​កម្ពុជា មាន​តម្រូវ​ការ​ប៉េងប៉ោះ​ប្រភេទ​នេះ​ច្រើន តែ​មិន​សូវ​មាន​អ្នក​ដាំ​នោះ ទើប​ជំរុញ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ងាក​មក​ចាប់​អាជីព​ជា​អ្នក​ដាំ​ប៉េងប៉ោះ។

ទាក់ទិន​នឹង​បច្ចេកទេស​ដាំ​ដុះ​ដំណាំ​ប៉េងប៉ោះ​នេះ​ដែរ លោកស្រី ឯម រីម អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ដំណាំ​ប៉េងប៉ោះ​វា​មិន​សូវ​ត្រូវ​ការ​ទឹក​ច្រើន​ទេ ហើយ​រហ័ស​ប្រមូល​ផល។ ម្យ៉ាង​ដោយសារ​តែ​នៅ​តំបន់​ខេត្ត​កំពង់ស្ពឺ ខ្វះ​ទឹក​ដាំ​ដុះ​រាល់​ឆ្នាំ សូម្បី​តែ​ដាំ​ស្រូវ​ស្ទើរ​តែ​មិន​មាន​ទឹក​រហូត​បាន​ផល​ស្រូវ​ទុំ​ទេ ទើប​គាត់​ជ្រើស​រើស​ការ​ដាំ​បន្លែ​មាន​អាយុ​ខ្លី ដូចជា​ដំណាំ​ប៉េងប៉ោះ​ឈើរី​នេះ។ លោកស្រី​ឲ្យ​ដឹង​បន្ថែម​ថា មុន​ដាំ ត្រូវ​រៀបចំ​ដី​ចម្ការ ឬ​ដី​ស្រែ​ឲ្យ​បាន​រាប​ស្មើ ដោយ​ភ្ជួរ​ដី​ឲ្យ​ច្រើន​សា បំបែក​ដី​ឲ្យ​ម៉ត់​ល្មម រួច​បែង​ចែក​មួយ​ផ្នែក​សម្រាប់​សាប​កូន និង​មួយ​ផ្នែក​សម្រាប់​លើក​ជា​រង​សម្រាប់​ដាំ ប៉ុន្តែ​លោកស្រី​ថា ប្រភេទ​ដី​ដែល​ឆាប់​លូតលាស់​ល្អ គឺ​ជា​ដី​ប្រភេទ​ល្បាយ​ខ្សាច់ ដី​ល្បាយ​កណ្ដៀង ជាដើម។

ក្រោយ​ពី​រៀបចំ​ដី​ចម្ការ ឬ​ដី​ស្រែ​រួច​ហើយ ត្រូវ​យក​គ្រាប់​ប៉េងប៉ោះ​មក​ព្រោះ​លើ​ដី​នោះ ដោយ​មើល​ថែ​រហូត​កូន​ប៉េងប៉ោះ​បាន​អាយុ ១៥​ថ្ងៃ ចាំ​ដក​យក​កូន​នោះ​មក​ដាំ​លើ​រង​ដែល​បាន​លើក​រួច ប៉ុន្តែ​ក្នុង​រណ្ដៅ​ដាំ​បាន​តែ​មួយ​ដើម​ប៉ុណ្ណោះ៖ «ដំបូង​រៀបចំ​ដី​ព្រោះ​កូន សាប​គ្រាប់​ប៉េងប៉ោះ​រហូត​វា​បាន​អាយុ ១៥ ទៅ ២០​ថ្ងៃ ហើយ​យើង​ដាំ​នៅ​ទី​វាល​ស្រែ។ អ៊ីចឹង​យើង​ត្រូវ​ភ្ជួរ​ដី​ទុក​ចោល​សិន ១​អាទិត្យ ទៅ ២​អាទិត្យ មូលហេតុ​ដើម្បី​ឲ្យ​ស្មៅ​នៅ​ទីនោះ​ងាប់ ហើយ​ដី​ផុស។ បន្ទាប់​មក គឺ​យើង​យក​ជី​ទៅ​ដាក់ គឺ​ជី​អាចម៍​គោ និង​ជីកំប៉ុស​ក្នុង ១​ម៉ែត្រ​ការ៉េ​យើង​អាច​ដាក់​ប្រហែល ២០ ទៅ ៣០​គីឡូ ដោយសារ​វា​ជា​អាចម៍​គោ។ អ៊ីចឹង​ជី​ហ្នឹង​នៅ​មាន​សុពលភាព​បាន​យូរ»។

លោកស្រី​បាន​បញ្ជាក់​ថា មុន​ដាំ ត្រូវ​ដាក់​ជីកំប៉ុស​ធម្មជាតិ ដូចជា លាមក​គោ ចូល​ក្នុង​រណ្ដៅ​ដែល​ត្រូវ​ដាំ​នោះ។ ចំណែក​រង​វិញ ត្រូវ​ទុក​ចន្លោះ​ពី​រង​មួយ​ទៅ​រង​មួយ​ទៀត​កន្លះ​ម៉ែត្រ។ កម្ពស់​រង​នៅ​រដូវ​ប្រាំង ត្រូវ​លើក ២​តឹក កាយ​ឲ្យ​មាន​កំពែង ដើម្បី​ទប់​ទឹក​កុំ​ឲ្យ​ហូរ​ចេញ។ បើ​នៅ​រដូវ​វស្សា​វិញ កម្ពស់​រង​ត្រូវ​លើក ៣​តឹក កាយ​ជា​រាង​ខ្នង​អណ្ដើក​ទុក​ឲ្យ​មាន​ចង្អូរ​បង្ហូរ​ទឹក​ចេញ។

ការ​ថែទាំ​ក្រោយ​ដាំ​ប៉េងប៉ោះ

កសិករ​រូប​នេះ​ឲ្យ​ដឹង​ថា ក្រោយ​ដាំ ត្រូវ​តាម​ដាន​ដើម​ប៉េងប៉ោះ​នីមួយៗ បើ​វា​ងាប់ យក​ដើម​ថ្មី​មក​ដាំ​ជួស បើ​វា​អន់​ជាង​គេ ត្រូវ​គ្រប​វា​បន្ថែម។ ការ​ថែ​ទាំ​កូន​ប៉េងប៉ោះ​ក្រោយ​ដាំ ត្រូវ​ប្រើ​ជីកំប៉ុស​ទឹក ស្រោច និង​ត្រូវ​មើល​ក្នុង​ដី ក្រែង​មាន​ស្រមោច​វា​ស៊ី​កូន​ប៉េងប៉ោះ​ដែល​នៅ​ខ្ចី។ លោកស្រី​ថា នៅ​ពេល​ប៉េងប៉ោះ​ដុះ​ស្លឹក​បន្ថែម ភាគ​ច្រើន​វា​មាន​ដង្កូវ​យាយី​ដំណាំ។ បន្ទាប់​ពី​ដាំ​កូន​ប៉េងប៉ោះ​រួច ត្រូវ​ស្រោច​ទឹក ២​ដង​ក្នុង ១​ថ្ងៃ ពិសេស​ត្រូវ​ឧស្សាហ៍​ជ្រោយ​ដី និង​បោច​ស្មៅ​ដើម្បី​ឲ្យ​ដី​ធូរ​ឆាប់​ឲ្យ​ប៉េងប៉ោះ​លូត​លាស់​ល្អ ឆាប់​បាន​បញ្ចេញ​ផ្លែ​ផ្កា៖ «បើ​សិន​ជា​ល្អ​បំផុត គឺ​យើង​ធ្វើ​ជា​កន្ទោង។ នៅ​ក្នុង​ហ្នឹង​យើង​មាន​លាយ​ដី​ដំបូក អាចម៍​គោ អាចម៍​មាន់​អី​យើង​លាយ​ទៅ ៣០% នៃ​ដី​ទាំងអស់។ និយាយ​ទៅ​ក្នុង​ដី ១០០% ជី​ដាក់​តែ ៣០% ទេ សម្រាប់​ការ​បណ្ដុះ។ បើ​សិន​ជា​ពូជ​យើង​ល្អ វា​ដុះ​ស្មើ អ៊ីចឹង​ត្រឹម ១​អាទិត្យ ទៅ ២​អាទិត្យ យក​វា​ទៅ​ដាក់​ថ្នាល ដែល​យើង​រៀបចំ​ដាំ ព្រោះ​វា​ទទួល​ផល​តែ ១​ខែ​កន្លះ​ទេ»។

ឯកសារ​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​ដំណាំ​បន្លែ​ពិភពលោក ស្ដីពី​បច្ចេកទេស​ដាំ​ប៉េងប៉ោះ​ដោយ​សុវត្ថិភាព បង្ហាញ​ថា ប៉េងប៉ោះ​គឺ​ជា​បន្លែ​សំខាន់​មួយ​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក ដែល​ទ្វីប​ទាំង​ពីរ​នេះ​គ្រប​ដណ្ដប់​ប្រមាណ ៦៥% នៃ​ផលិតកម្ម​ប៉េងប៉ោះ​សរុប​របស់​ពិភពលោក។ ប៉េងប៉ោះ​ជា​បន្លែ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ដូចជា វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ទៀត ដែល​អាច​ជួយ​រក្សា​តុល្យភាព​របប​អាហារ​យ៉ាង​ល្អ​ប្រសើរ។

ដោយសារ​ប៉េងប៉ោះ​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​គោលដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោកស្រី ឯម រីម និង​ប្រជា​កសិករ​ក្នុង​ភូមិ​កាហែង ដើម្បី​ជួយ​ទ្រទ្រង់​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ ជាក់ស្តែង លោកស្រី​អាច​ប្រមូល​ផល​ផ្លែ​ប៉េងប៉ោះ​បាន​ចាប់​ពី ៥០០ ទៅ ៨០០​គីឡូ​ក្រាម ដែល​អាច​រក​ចំណូល​បាន​ជិត ២​លាន​រៀល។

កសិករ ឯម រីម ឲ្យ​ដឹង​ថា ទោះ​បី​ដំណាំ​ប៉េងប៉ោះ​ឈើរី​ងាយ​ស្រួល​ដាំ និង​មាន​តម្លៃ​ខ្ពស់ មិន​សូវ​ប្រកួត​ប្រជែង ប៉ុន្តែ​ដំណាំ​ប្រភេទ​នេះ​ក៏​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ផង​ដែរ ដូចជា រួញ​ស្លឹក សត្វ​ដង្កូវ​ចោះ​ផ្លែ និង​ក្រា​លើ​ស្លឹក ជាដើម។ លោកស្រី​ថា ហេតុ​នេះ​កសិករ​មួយ​ចំនួន​នៅ​ក្នុង​ភូមិ ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជី និង​ថ្នាំ​គីមី​ខ្លះ ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ប៉េងប៉ោះ​ដែល​កសិករ​ដាំ។

ទោះ​ជា​បែប​នេះ​ក្តី កសិករ​រូប​នេះ​យល់​ថា ទោះ​ជា​ពលរដ្ឋ​មួយ​ចំនួន​និយម​ប្រើ​ថ្នាំ​គីមី ព្រម​ទាំង​ប្រើ​របៀប ឬ​វិធី​ដាំ​ផ្សេងៗ ដើម្បី​ដាំ​ប៉េងប៉ោះ​ឲ្យ​ធំ​លូតលាស់​លឿន​ក៏ដោយ ប៉ុន្តែ​លោកស្រី​បាន​ណែនាំ​ឲ្យ​កសិករ​ដែល​ចាប់​អារម្មណ៍​ដាំ​ដំណាំ​ប៉េងប៉ោះ គួរ​ជ្រើស​រើស​ការ​ដាំ​បែប​វិធី​ធម្មជាតិ ឬ​សរីរាង្គ ព្រោះ​រួម​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ និង​មាន​សុខភាព​ល្អ ពិសេស​លក់​បាន​តម្លៃ​ខ្ពស់៖ «ខ្ញុំ​ជ្រើស​រើស​យក​ចំណី​ធម្មជាតិ​ហ្នឹង ដោយ​បើ​យើង​វិភាគ​សេដ្ឋកិច្ច វា​ចំណាយ​តិច ព្រោះ​វត្ថុ​ធាតុ​ដើម​ដែល​យើង​យក​មក​ប្រើ វា​ងាយ​ស្រួល​រក ងាយ​ស្រួល​នៅ​ជិត​ផ្ទះ​ស្រាប់ តែ​បើ​យើង​យក​ប្រើ​ថ្នាំ​គីមី បើ​យើង​ប្រៀបធៀប​នឹង​ប្រាក់​ចំណេញ​វា​បាន​តិច»។

មិន​ត្រឹម​តែ​ជំរុញ​ឲ្យ​កសិករ​កាត់​បន្ថយ​ប្រើ​ថ្នាំ​កសិកម្ម​ប៉ុណ្ណោះ​ទេ លោកស្រី​ក៏​ស្នើ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​ធារាសាស្ត្រ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ​ដល់​កសិករ ដើម្បី​ឲ្យ​ពួក​គាត់​ងាក​មក​ប្រើ​ជី​ធម្មជាតិ​ឲ្យ​បាន​ច្រើន។ លោកស្រី​ជឿជាក់​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កសិករ​នៅ​តាម​ទី​ជនបទ នឹង​មិន​បោះបង់​ការងារ​កសិកម្ម​នោះ​ឡើយ៕===========
=======ប្រភព៖ វិទ្យុអាស៊ីសេរី=========

loading...

Post a Comment

Post a Comment

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.