loading...
loading...
3 កសិកម្ម 6 កាដាំដុះ 7 ការចិញ្ចឹម 1 ការដាំដុះ 1 កូនមាន់ឆាប់ធំ 1 គ្មានម៉ាស៊ីន 1 គ្រួសក្នុងថងប្រមាត់ 1 ងាយៗ 1 ចំណីត្រី 1 ចិញ្ចឹមបង្កង 1 ចិញ្ចឹមម៉ាន់ 1 ចេក​អំបូង​ពណ៌លឿង 1 ​ជីរ​វ៉ាន់ស៊ុយ 2 ដំណាំ 1 ដំណាំអំពៅ 1 ដាំឆៃថាវផ្អែម 1 ដាំឈូកក្នុងស្រែ 1 ត្រសក់ 1 ត្រី 1 ត្រីក្រាញ់ 1 ធម្មជាតិ 1 នៅតាមផ្ទះ 1 បណ្ដុះ 1 បណ្ដុះផ្លែប៊រ 1 បណ្តុះផ្សិតម្ជុល 1 បណ្តុះពូជក្រូចឆ្មារ 1 បូមទឹក 1 ប៉េងប៉ោះឈើរី 1 ផ្សំចំណីមាន់ 1 ផ្សិតកញ្ជោរ 1 ព្យាបាលជំងឺ 1 ភ្ញាស់ពង់មាន់ 1 មាន់ 1 មាន់យកពង 1 មាន់ស្រុក 1 ម្នាស់ 2 វិធី​ដាំ 1 វិធីផ្សំចំណីធម្មជាតិ 1 វិធីផ្សំចំណីមាន់សាច់ 1 វិធីសាស្រ្តផ្សិតម្ជុល 12 វីធីសាស្រ្ត 1 ស៊ុតច្រើន 1 ស៊ុតល្អ 1 ស្រះសិប្បនិមិត្ម 2 ឡាំងស្នោរ

បច្ចេកទេស​ដាំ​ឈូក​ក្នុង​ស្រែ​ដើម្បី​យក​គ្រាប់

ឈូក ជា​រុក្ខជាតិ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ឈូក​ដែល​ដុះ​នៅ​ក្នុង​ស្រែ ស្រះ ត្រពាំង បឹងបួ​គ្រប់​ទី​តំបន់​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​ប្រយោជន៍​ដល់​យើង​តាំង​ពី​ឫស​រហូត​ដល់​ស្លឹក ផ្កា និង​ផ្លែ​របស់​វា​ទៀត។ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ដំណាំ​ឈូក កសិករ​នៅ​ខេត្ត​កណ្ដាល នាំ​គ្នា​ដាំ​ឈូក​ក្នុង​ដី​ស្រែ​ស្ទើរ​គ្រប់​គ្រួសារ។

តើ​បច្ចេកទេស​ដាំ​ឈូក​ក្នុង​ស្រែ​ដើម្បី​យក​គ្រាប់​លក់​របស់​កសិករ​នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​របៀប​ដូចម្តេច​ខ្លះ?

កសិករ​ដែល​ប្រកប​របរ​ដាំ​ឈូក លើក​ឡើង​ថា រដូវ​វស្សា​ឆ្នាំ​២០១៥ កសិករ​ច្រើន​ខេត្ត​ដាំ​ស្រូវ​វស្សា​មិន​អស់​ដី​ទេ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់។ ផ្ទៃ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ដាំ​ស្រូវ​នេះ កសិករ​នៅ​ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ដាំ​ឈូក​ជំនួស​ទៅ​វិញ។

ជាង​នេះ​ទៀត កសិករ​យល់​ថា តម្រូវ​ការ​គ្រាប់​ឈូក​បាន​កើន​ឡើង ខណៈ​តម្រូវ​ការ​ទីផ្សារ​ឈូក​មាន​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​មនុស្ស​ទទួល​ស្គាល់​ផល​ប្រយោជន៍​របស់​ឈូក​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លើស​ពី​នេះ កសិករ​យល់​ថា ដំណាំ​ឈូក​ងាយ​ស្រួល​ដាំ លក់​បាន​តម្លៃ​សមរម្យ និង​មិន​សូវ​មាន​បញ្ហា​ប្រឈម​ច្រើន បើ​ធៀប​នឹង​ដំណាំ​ស្រូវ៖ «ដី​ហ្នឹង​ខ្ញុំ​ជួយ​គេ​មក​ដើម្បី​តែ​ធ្វើ​ស្រូវ តែ​ដល់​ធ្វើ​ស្រូវ​អត់​បាន​ទៅ ខ្ញុំ​ដាំ​ឈូក​វិញ វា​អាច​ទទួល​ផល​ចំណេញ​ជាង​ស្រូវ អាច​រក​បាន ១​លាន​ទៅ ២​លាន​រៀល​ដែរ»។

កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​ដែល​ប្រកប​របរ​ដាំ​ឈូក​យក​គ្រាប់​លក់ នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក សើយ ហៀង បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ឈូក​មាន​ពីរ​ប្រភេទ គឺ​ឈូក​បេង​មាន​ផ្កា​ពណ៌​ស និង​ឈូក​បាយ​មាន​ផ្កា​ពណ៌​ស៊ីជម្ពូ ដែល​ខ្មែរ​និយម​ហៅ​ថា ពណ៌​ផ្កា​ឈូក។ លោក​ថា សម្រាប់​លោក គឺ​ដាំ​ប្រភេទ​ពូជ​ឈូក​បាយ ព្រោះ​ពូជ​នេះ​បាន​ផល​ច្រើន និង​មាន​គ្រាប់​ណែន​ជាង​ពូជ​ឈូក​បេង​ដែល​មាន​ផ្កា​ពណ៌​ស។ លោក​ថា ប្រភេទ​ពូជ​ទាំង​ពីរ​នេះ​មាន​រយៈពេល​ដាំ ៦​ខែ​ដូច​គ្នា។

កសិករ​វ័យ​ជាង ៣០​ឆ្នាំ​រូប​នេះ បាន​រៀបរាប់​បន្ត​ពី​របៀប​ដាំ​ឈូក​ថា ដំបូង​ឡើយ​លោក​ជ្រើស​រើស​យក​ស្រែ​ប្រភេទ​ដី​បាត​ភូមិ ព្រោះ​វា​ជា​ដី​សម្បូរ​ជីជាតិ។ ក្រោយ​រើស​ដី​ស្រែ​ដែល​ត្រូវ​ដាំ​រួច​ហើយ លោក​ថា មុន​ពេល​ដាំ​ត្រូវ​ភ្ជួរ​ដី ១ ទៅ ២​ដង ដើម្បី​កម្ចាត់​ស្មៅ។ បន្ទាប់​មក ពេល​ភ្ជួរ​រួច​ហើយ ទុក​ដី​រយៈពេល ៣ ទៅ ៧​ថ្ងៃ​ទើប​ភ្ជួរ​លើក​ទី​២ និង​រាស់​ដី​ឲ្យ​រាប​ស្មើ​ជា​ការ​ស្រេច។

ក្រោយ​ពី​រៀបចំ​ដី​រួច ចាំបាច់​ត្រូវ​បញ្ចូល​ទឹក​ក្នុង​ស្រែ ដើម្បី​ឲ្យ​ងាប់​ស្មៅ ហើយ​បន្ទាប់​មក​ទៀត ជ្រើស​រើស​កូន​ឈូក​ណា​ដែល​ថ្លោស​ល្អ មិន​យក​កូន​ដែល​ខ្ចី​ពេក ឬ​ចាស់​ពេក មក​ដាំ​លើ​ដី​ដែល​បាន​រៀបចំ​នោះ៖ «ពេល​យើង​ភ្ជួរ​ដី​រួច យើង​បញ្ចូល​ទឹក​ឲ្យ​ច្រើន​ឲ្យ​ជ្រៅ​ក្នុង​ស្រែ​នោះ ហើយ​យក​ដៃ​យើង​កាយ​ដី​ដាំ​កូន​ឈូក​ដាំ​រង្វើល​មក ហើយ​ឈូក​ដែល​ខ្ញុំ​ដាំ​មាន ៧.០០០​ពាន់​កូន»។

តើ​របៀប​ថែទាំ​ឈូក​ក្នុង​ស្រែ កសិករ លោក សើយ ហៀង ធ្វើ​ដូចម្តេច​ខ្លះ?

លោក សើយ ហៀង បាន​និយាយ​ពី​របៀប​ថែទាំ​ថា ក្រោយ​ឈូក​ដាំ​បាន​រយៈពេល ៧ ទៅ ១៥​ថ្ងៃ វា​ចាប់​ផ្ដើម​ដុះ​សន្លឹក​ហើយ ត្រូវ​ចាប់​ផ្តើម​ដើរ​ដក​ស្មៅ ដើម្បី​ឲ្យ​ឈូក​ដុះ​លូតលាស់​លឿន។ ជាង​នេះ​ទៀត លោក​ថា ក្នុង​អំឡុង​ពេល​នេះ ចាំបាច់​ត្រូវ​រក្សា​ទឹក​ក្នុង​ស្រែ​មិន​ឲ្យ​លើស​ពី ១​ម៉ែត្រ​នោះ​ឡើយ ដើម្បី​ការពារ​សត្វ​ចង្រៃ​ស៊ី​ស្លឹក ឬ​ដើម​ឈូក៖ «ពេល​ឈូក​យើង​ចាប់​កើត យើង​ចាប់​ផ្ដើម​សម្អាត​ស្មៅ ដើម្បី​ឲ្យ​ស្មៅ​វា​រុំ​ដើម​ឈូក តែ​បើ​ឡើង​ខ្ពស់​ហើយ យើង​មិន​បាច់​សម្អាត​ស្មៅ​ទៀត​ទេ តែ​ត្រូវ​រក្សា​ទឹក​ឲ្យ​ជាប់​ជា​ប្រចាំ»។

ចំណែក​ការ​ប្រមូល​ផល​វិញ លោក សើយ ហៀង ឲ្យ​ដឹង​ដែរ​ថា ទោះ​ជា​ឈូក​មាន​អាយុ​រហូត ៦​ខែ ប៉ុន្តែ​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៣​ខែ លោក​ថា ឈូក​អាច​ប្រមូល​ផល​បាន​បណ្ដើរៗ​ហើយ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ថា ឈូក​ដាំ​ក្នុង​ស្រែ​យក​គ្រាប់​ទុំ​លក់​របស់​លោក​ក្រោយ​ប្រមូល​ផល ទាមទារ​ត្រូវ​សម្អាត​ឲ្យ​ស្អាត​សិន ទើប​យក​លក់​ឲ្យ​ឈ្មួញ​នៅ​ក្នុង​ភូមិ៖ «ចាប់​ពី​ថ្ងៃ​ដល់​បាន​ផល ៦​ខែ ហើយ​ភាគ​ច្រើន​តែ ៣​ខែ ឈូក​ខ្លះ​ទុំ​អាច​ប្រមូល​ផល​បាន​ខ្លះ ហើយ​ដល់​ពេល​មើល​តែ​វា​ទុំ យើង​បេះ​សម្អាត​វា​ទុក ចឹង​មាន​ឈ្មួញ​គេ​មក​ទិញ»។

ឯកសារ​កសិកម្ម​របស់​អង្គការ​អភិវឌ្ឍន៍​កសិកម្ម​ធម្មជាតិ​កម្ពុជា ស្ដីពី​សារប្រយោជន៍​របស់​ដំណាំ​ឈូក បង្ហាញ​ថា ឈូក​ជា​រុក្ខជាតិ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា​មាន​គុណ​តម្លៃ​ច្រើន តាំង​ពី​ឫស​ឈូក​រហូត​ដល់​ស្លឹក ផ្កា និង​ផ្លែ​ឈូក​ទៀត។ ឯកសារ​ដដែល​បញ្ជាក់​ថា ឈូក​មាន​គុណ​ប្រយោជន៍​ទាំង​ក្នុង​ជីវភាព​រស់នៅ និង​ក្នុង​ព្រះពុទ្ធ​សាសនា។ លើស​ពី​នេះ​ទៅ​ទៀត ថ្មីៗ​នេះ​សរសៃ​ទង​ឈូក ត្រូវ​បាន​គេ​យក​ទៅ​កែច្នៃ​ឲ្យ​ទៅ​ជា​សរសៃ​អំបោះ​សម្រាប់​តម្បាញ សម្លៀកបំពាក់ និង​សម្ភារៈ​ផ្សេងៗ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​ពាន់​ដុល្លារ។ ក្រៅ​ពី​នេះ គ្រាប់​ឈូក និង​ផ្កា​ឈូក គេ​អាច​កែច្នៃ​ទៅ​ជា​កាហ្វេ និង​តែ ដើម្បី​ជួយ​សម្រួល​ដល់​សុខភាព។ ចំណែក​ឯ​ស្លឹក​ឈូក​វិញ ត្រូវ​បាន​ប្រជាជន​ខ្មែរ​យក​មក​ប្រើ​ប្រាស់​ដើម្បី​ខ្ចប់​ម្ហូប​អាហារ និង​របស់​របរ​ផ្សេងៗ ជំនួស​ថង់​ប្លាស្ទិក​ដែល​អាច​ជា​ចំណែក​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​បាន។

ដោយសារ​ឈូក​មាន​អត្ថប្រយោជន៍​ច្រើន​នេះ​ហើយ បាន​ក្លាយ​ជា​ទិសដៅ​សំខាន់​របស់​ក្រុម​គ្រួសារ លោក សើយ ហៀង និង​ប្រជា​កសិករ​ក្នុង​ឃុំ​វិហារសួគ៌ ដើម្បី​ជួយ​ទ្រទ្រង់​កម្រិត​ជីវភាព​ប្រចាំ​ថ្ងៃ។ ជាក់ស្តែង​លោក​ថា ក្នុង​ទំហំ​ដី​ស្រែ ១​ហិកតារ​ដែល​លោក​ដាំ​ក្នុង​មួយ​រដូវ​ដាំ​ឈូក លោក​អាច​ប្រមូល​ផល​គ្រាប់​ឈូក​បាន​ចាប់​ពី ២០០ ទៅ ៣០០​គីឡូ​ក្រាម ដែល​អាច​រក​ចំណូល​បាន​ជិត ២​លាន​រៀល៖ «បើ​ឈូក​បាន​តម្លៃ ៦.០០០​រៀល ខ្ញុំ​អាច​រក​លុយ​បាន​ចាប់​បី ១​លាន​រៀល​ទៅ​ជិត ២​លាន​រៀល»។

មក​ដល់​ត្រង់​ចំណុច​នេះ កសិករ​ដែល​មាន​មាឌ​ស្គម មុខ​ជាំ​ខ្មៅ​អន្លើៗ​រូប​នេះ បែរ​ជា​និយាយ​ទាំង​ប្រែ​ទឹក​មុខ​ស្រងូតស្រងាត់​វិញ​ថា ទោះ​បី​ដំណាំ​ឈូក​ងាយ​ស្រួល​ដាំ និង​មាន​តម្លៃ​ខ្ពស់​ជាង​ស្រូវ​ក្តី ប៉ុន្តែ​ឈូក​សម្បូរ​សត្វ​ចង្រៃ​បំផ្លាញ​ផង​ដែរ។ លោក​ថា ហេតុ​នេះ​លោក​ត្រូវ​បង្ខំ​ចិត្ត​ប្រើ​ជី និង​ថ្នាំ​គីមី ដើម្បី​កម្ចាត់​បញ្ហា​សត្វ​ចង្រៃ​លើ​ដំណាំ​ឈូក​ដែល​លោក​ដាំ៖ «ទី​មួយ​មាន​បញ្ហា​ក្រា សត្វ​ក្រា​វា​មូល​កករ​ឈូក អត់​បាន​ផល ពេល​ខ្លះ​ទៅ​មាន​ដង្កូវ​វា​គ្រាប់ ខ្យង​ក៏​មក​ស៊ី​ទៀត ចឹង​វា​ប្រឈម​ច្រើន តែ​ខែ​វស្សា​វា​មិន​សូវ​ប្រឈម តែ​បើ​ខែ​ប្រាំង​វិញ​វា​សម្បូរ​ជាង»។

ខណៈ​ប្រជា​កសិករ​មួយ​ចំនួន​នៅ​តាម​ទី​ជនបទ​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ដោយសារ​មាន​បញ្ហា​ប្រឈម​ក្នុង​វិស័យ​កសិកម្ម។

ផ្ទុយ​ទៅ​វិញ លោក សើយ ហៀង បាន​បញ្ជាក់​ថា ទោះ​ជា​របរ​ដាំ​ឈូក និង​ធ្វើ​ស្រែ​ចម្ការ​ជួប​បញ្ហា​ប្រឈម​ច្រើន និង​ត្រូវ​ចំណាយ​ច្រើន​ទាំង​ជួល​ដី កម្លាំង​ពលកម្ម ថ្នាំ និង​ជី ហើយ​ពេល​ខ្លះ​ត្រូវ​ជំពាក់​បំណុល​គេ​ក្តី តែ​កសិករ​រូប​នេះ​មិន​ដែល​ចង់​បោះបង់​របរ​ដាំ​ឈូក​នេះ​ឡើយ៖ «ខ្ញុំ​អត់​ទៅ​ចំណាក​ស្រុក​ទេ ព្រោះ​ចំណាក​ស្រុក​ច្រើន​តែ​ចាញ់​បោក​គេ ខ្លះ​គេ​យក​លុយ​ទៅ​ថៃ ទៅ​ចិន ទៅ​ខ្មែរ យើង​ច្រើន​តែ​ចាញ់​បោក​អស់​លុយ​អស់​កាក់ ទុក្ខវេទនា។ ចឹង​ខ្ញុំ​មិន​ចង់​ទៅ​ទេ សុខ​ចិត្ត​ធ្វើ​ស្រែ​ដាំ​ឈូក​វិញ​ល្អ​ជាង»។

កសិករ​រូប​នេះ​អះអាង​ថា ដំណាំ​ឈូក​ដែល​ដាំ​បច្ចុប្បន្ន​នេះ ប្រើប្រាស់​ជី និង​ថ្នាំ​គីមី​ខ្លាំង។ ជាង​នេះ កសិករ​ដាំ​ឈូក​ក្នុង​ស្រុក​ខ្សាច់កណ្ដាល លក់​គ្រាប់​ឈូក​ទៅ​ឲ្យ​ឈ្មួញ​កណ្ដាល។ ហេតុ​នេះ​លោក​ថា រាល់​តម្លៃ​ទាប ឬ​ខ្ពស់​យ៉ាង​ណា តែង​អាស្រ័យ​លើ​មាត់​ឈ្មួញ​ជា​អ្នក​កំណត់។ មូលហេតុ​ទាំង​នេះ​ហើយ លោក សើយ ហៀង ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ លើក​ទឹក​ចិត្ត​កសិករ​ដែល​ប្រកប​របរ​ដាំ​ឈូក ជាពិសេស​កសិករ​នៅ​ទី​ជនបទ ធ្វើ​យ៉ាង​ណា​រិះរក​វិធីសាស្ត្រ និង​ផ្តល់​បច្ចេកទេស​ថ្មីៗ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេងៗ​ក្នុង​អាជីព​កសិកម្ម ពិសេស​ត្រូវ​ជួយ​ស្វែងរក​ទីផ្សារ​នៅ​ពេល​ដែល​កសិករ​ដាំ​ឈូក​បាន​ជោគជ័យ។ លោក​ថា បើ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​បាន កសិករ​នៅ​តាម​ទី​ជនបទ នឹង​មិន​បោះ​បង់​ការងារ​កសិកម្ម​នោះ​ឡើយ៕============
===ប្រភព៖ វិទ្យុអាស៊ីសេរី=============

Post a Comment

[facebook][blogger]

Author Name

Contact Form

Name

Email *

Message *

Powered by Blogger.